ស្ថានការណ៍ព្រំដែនកម្ពុជា-ឡាវ ខេត្តស្ទឹងត្រែង កំពុងឡើងកម្តៅ......
ស្ថានការណ៍ព្រំដែនកម្ពុជា-ឡាវ ខេត្តស្ទឹងត្រែង កំពុងឡើងកម្តៅ ដោយប្រឈមមុខ ដាក់គ្នាខណៈភាគីឡាវកំពុងបង្កើនកងទ័ព ឯកម្ពុជា ក៍ប្រុងជើងការ
ខណៈស្ថានការណ៍ព្រំដែនកំពុងឡើងកម្តៅ ឯក្រុមអ្នកយកព័ត៌មានរបស់កម្ពុជាមួយចំនួន នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះបាននឹងកំពុងធ្វើដំណើរចេញពីភ្នំពេញ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដើម្បីយកព័ត៌មានផ្ទាល់នៅកន្លែងដែលកំពុងប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវដើម្បីរាយការណ៍ ជូនសាធារណជន។
បើតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងច្បាស់ៗថា «នៅម៉ោងប្រមាណ៧យប់នេះ កងទ័ពនិងសព្វាវុធរបស់កម្ពុជា បានបញ្ជូនបន្ថែមទៀតទៅកាន់ ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា តាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរយើង ដោយមិនឲ្យសត្រូវមកយកដីរបស់កម្ពុជាមួយមីលីម៉ែត្រឡើយ»។
ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះហាក់កំពុងតែកើនឡើងកម្ដៅ ដែលធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសទុកពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។ ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមរាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែននិងទៅជូប ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន ជាមួយនឹង លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ៕
No comments:
Post a Comment